ឯកឧត្តម ប៉ែន អៀតយៀន និង លោកជំទាវ អញ្ជើញសំណេះសំណាល និង នាំអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន ចែកជូន បងប្អូនអតីតយុទ្ធជន និងជនមានពិការភាព នៅស្រុកបាណន់ ព្រមទាំង ឧបត្ថម្ភការជួសជុលផ្លូវ១ខ្សែ ប្រវែង២០០០ម៉ែត្រ
ខេត្តបាត់ដំបង៖ ឯកឧត្តម ប៉ែន អៀតយៀន ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយស្បៀងអាហារ ទៅចែកជូនបងប្អូនអតីតយុទ្ធជន និងជនមានពិការភាព ចំនួន៥០គ្រួសារ ដែលរស់នៅក្នុង ភូមិបឹងចែង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦។
ពិធីនេះមានការអញ្ជើញចូលរួមពី លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការ ក្រសួងកិច្ចការនារីនិង ឯកឧត្តម ចាប តូ អនុរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច ព្រមទាំង អភិបាលស្រុកបាណន់ លោកមេឃុំ មេភូមិ និងប្រជាពលរដ្ឋជាច្រើននាក់។
ក្នុងឱកាសនោះ ឯកឧត្តម ប៉ែន អៀតយៀន បានពាំនាំការផ្តាំផ្ញើ ក្តីនឹករឭក និងការសួរសុខទុក្ខពី សម្តេចអគ្គមហាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះបងប្អូនអតីតយុទ្ធជន និងជនមានពិការភាព ព្រមទាំងបានលើកទឹកចិត្តឱ្យបងប្អូនខិតខំថែរក្សាសុខភាព រស់នៅដោយសាមគ្គីភាព និងបន្តចូលរួមក្នុងការកសាងសហគមន៍ និងសង្គមជាតិយើងឱ្យកាន់តែរីកចម្រើន។
ឯកឧត្តម ប៉ែន អៀតយៀន បានសម្តែងនូវការគោរព និងការយកចិត្តទុកដាក់ចំពោះបងប្អូនអតីតយុទ្ធជន និងជនមានពិការភាព ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងបានចូលរួមចំណែកក្នុងបុព្វហេតុការពារ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គមជាតិ។
សូមជម្រាបថា អំណោយដែលបានចែកជូនគ្រួសារនីមួយៗរួមមាន៖ អង្ករ២០គីឡូ ទឹកត្រី ទឹកស៉ីអ៉ីវ២យួរ មី១កេស និង ថវិកា៥ម៉ឺនរៀល ដើម្បីដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ។
ក្រៅពីអំណោយដែលបានចែកជូននេះ ឯកឧត្តម ប៉ែន អៀតយៀន និង លោកជំទាវ បានឧបត្ថម្ភថវិកាសម្រាប់ជួសជុលផ្លូវ១ខ្សែ ប្រវែង២០០០ម៉ែត្រ តាមសំណូមពររបស់ លោកអភិបាលស្រុក និងមេឃុំផងដែរ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋ។
បងប្អូនអតីតយុទ្ធជន និងជនមានពិការភាព ព្រមទាំង អាជ្ញាធរបានសម្តែងនូវក្តីរីករាយ និងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ប៉ែន អៀតយៀន និង លោកជំទាវ ដែលបានយកចិត្តទុកដាក់ ចុះមកសួរសុខទុក្ខ និងផ្តល់ការគាំទ្រដល់ពួកគាត់ដោយផ្ទាល់។
ការចុះសួរសុខទុក្ខ និងសំណេះសំណាលនេះ បង្ហាញពីការចែករំលែកក្តីស្រឡាញ់ ការចងចាំគុណបំណាច់របស់អតីតយុទ្ធជនចំពោះជាតិមាតុភូមិ និងស្មាតី “មិនទុកនរណាម្នាក់ចោល” គឺការយកចិត្តទុកដាក់ចំពោះក្រុមងាយរងគ្រោះ ជាពិសេសអតីតយុទ្ធជន និងជនមានពិការភាព ដែលត្រូវការការគាំពារ ការលើកទឹកចិត្ត និងឱកាសស្មើគ្នាក្នុងសង្គម៕
















No comments: