គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

អភិបាលខេត្តតាកែវ ចុះពិនិត្យគម្រោងស្ថាបនាផ្លូវក្រវាត់បឹងតាកែវ ប្រវែង១៨គីឡូម៉ែត្រ

 

អភិបាលខេត្តតាកែវឯកឧត្តម វ៉ី​ សំណាង នៅថ្ងៃទី១៧ ខែកក្តដា ឆ្នាំ២០២៦នេះ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរក្រុងដូនកែវ ចុះពិនិត្យវឌ្ឍនភាពការងារអភិវឌ្ឍន៍ គម្រោងសាងសង់ផ្លូវក្រវាត់ជុំវិញបឹងតាកែវ ដែលមានប្រវែងសរុប១៨គីឡូម៉ែត្រ ព្រមទាំងពិនិត្យការរៀបចំហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា។

នៅក្នុងឱកាសចុះពិនិត្យនោះ លោកអភិបាលខេត្តតាកែវ បានធ្វើការណែនាំ និងជំរុញដល់មន្ត្រីជំនាញ នៃមន្ទីរពាក់ព័ន្ធ ពិសេសក្រុមហ៊ុនទទួលការសាងសង់ ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត លើស្តង់ដារបច្ចេកទេស ធានាឲ្យបាននូវគុណភាពសំណង់រឹងមាំ ប្រើប្រាស់បានយូរអង្វែង និងបញ្ចប់គម្រោងទៅតាមផែនការដែលបានកំណត់។

បើតាមលោកអភិបាលខេត្តតាកែវ, គម្រោងអភិវឌ្ឍន៍បឹងតាកែវនេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាល សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកគម្រោងអភិវឌ្ឍន៍គម្រូមួយ ដែលបណ្ដាលខេត្តនានា ត្រូវយកគម្រូតាមព្រោះគម្រោងអភិវឌ្ឍន៍នេះ មានផ្ទៃបឹងនៅចំកណ្ដាលទីរួមខេត្ត។

ឯកឧត្តម វ៉ី សំណាង បានចាត់ទុកគម្រោងអភិវឌ្ឍន៍ផ្លូវក្រវាត់បឹងតាកែវនេះ គឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយ ដែលមិនត្រឹមតែជួយកាត់ បន្ថយការកកស្ទះចរាចរណ៍ និងបង្កើនភាពងាយ ស្រួលក្នុងការតភ្ជាប់ទំនាក់ទំនងរវាងតំបន់នានាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតនូវសក្ដានុពលថ្មីៗ សម្រាប់វិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការទាក់ ទាញការវិនិយោគទុនមកក្នុងខេត្តផងដែរ៕

No comments:

Powered by Blogger.