រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម៖ សារៈសំខាន់នៃកិច្ចព្រមព្រៀង Cambodia-UAE CEPA បានបង្ហាញជាសមិទ្ធផលប្រវត្តិសាស្រ្ត និងឧត្តមប្រយោជន៍សម្រាប់ជាតិ បន្ទាប់ពីបានចូលជាធរមាន
(ព្រះសីហនុ)៖ សារៈសំខាន់នៃកិច្ចព្រមព្រៀង Cambodia-UAE CEPA បានបង្ហាញសមិទ្ធផលប្រវត្តិសាស្រ្តនិងឧត្តមប្រយោជន៍សម្រាប់ជាតិ បន្ទាប់ពីបានចូលជាធរមានកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។ ក្នុងកម្រិតទ្វេភាគី កិច្ចព្រមព្រៀងនេះបានបន្តពង្រឹងមិត្តភាពដែលមានស្រាប់ជាប្រពៃណីរវាងកម្ពុជានិងអេមីរ៉ាតអារ៉ាប់រួម និងលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ តាមរយៈការធ្វើសេរីភាវូបនីយកម្មនៃពាណិជ្ជកម្មជាទំនិញ សេវា និងវិនិយោគ ក៏ដូចជាការធានាសង្គតិភាពនៃស្តង់ដារនិងអនុលោមភាព កិច្ចសម្រួលពាណិជ្ជកម្ម និងការលុបបំបាត់របាំងពាណិជ្ជកម្ម សំដៅជំរុញខ្សែច្រវាក់ផ្គត់ផ្គង់ សម្រួលដល់លំហូរពាណិជ្ជកម្ម និងលើកទឹកចិត្តការវិនិយោគ។
លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មលើកឡើងបែបនេះ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ក្នុងកម្មពិធីសិក្ខាសាលាផ្សព្វផ្សាយលើកទី២ ស្តីពីអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE Comprehensive Economic Partnership Agreement - CEPA) តំណាង លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមដោយថ្នាក់ដឹកនាំនិងមន្រ្តីជំនាញមកពីក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងពីតំបន់សេដ្ឋកិច្ចពិសេស សភាពាណិជ្ជកម្មកម្ពុជា សមាគម និងវិស័យឯកជន រួមមាន ពាណិជ្ជករ ធុរជន និងអ្នកនាំចេញ សរុបប្រមាណ ១៥០ រូប នៅសណ្ឋាគារ NOVOTEL ក្រុងព្រះសីហនុ។
រដ្ឋលេខាធិការ បានលើកឡើងថា ក្នុងកម្រិតតំបន់ កិច្ចព្រមព្រៀងនេះអាចជួយឱ្យកម្ពុជាបន្តធ្វើពិពិធកម្មទីផ្សារនាំចេញទំនិញទៅកាន់តំបន់មជ្ឈិមបូព៌ា និងអាហ្រ្វិកដែលមានអ្នកប្រើប្រាស់ជិត ២ ពាន់លាននាក់ តាមរយៈកិច្ចព្រមព្រៀងនេះទៀតសោត កម្ពុជាអាចនាំចេញទំនិញទៅទីផ្សារអេមីរ៉ាតអារ៉ាប់រួមជាមួយអត្រាពន្ធនាំចូលសូន្យលើមុខទំនិញសំខាន់ៗដូចជា៖ ផលិតផលវាយនភ័ណ្ឌនិងសម្លៀកបំពាក់, កង់, បន្ទះសូឡា, គ្រឿងបង្គុំអេឡិចត្រូនិច, រថយន្តអគ្គិសនី, កៅស៊ូ(Latex), អង្ករ, ដំឡូងមី, គ្រាប់ស្វាយចន្ទី, ម្រេច, កាហ្វេ, បន្ទះខ្លឹមចន្ទន៍, បន្លែ, ផ្លែឈើ, និងអាហារកែច្នៃ។-ល-។ បន្ថែមលើនេះ កិច្ចព្រមព្រៀងនេះ ក៏នឹងអនុញ្ញាតឱ្យក្រុមហ៊ុនកម្ពុជាអាចផ្គត់ផ្គង់សេវាកម្មសំខាន់ៗរួមមាន៖ សេវាកម្មវិជ្ជាជីវៈនិងធុរកិច្ច សេវាកម្មសំណង់និងវិស្វកម្ម សេវាកម្មបរិស្ថាន និងសេវាកម្មដទៃទៀត។
ជាកិច្ចបញ្ចប់ លោកស្រី តឹក រ៉េតកំរង បានបង្ហាញពីសុទិដ្ឋិនិយមថា វិស័យឯកជនកម្ពុជានឹងអាចចូលរួមចំណែកយ៉ាងសំខាន់ក្នុងការប្រើប្រាស់និងទាញយកអត្ថប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិសេដ្ឋកិច្ចឱ្យមានលក្ខណៈទូលំទូលាយ និងស៊ីជម្រៅ តាមរយៈពាណិជ្ជកម្មទំនិញនិងសេវាកម្ម វិនិយោគ និងធុរកិច្ចទ្វេភាគី ដែលស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល (ការធ្វើពិពិធកម្មសេដ្ឋកិច្ចនិងការពង្រឹងភាពប្រកួតប្រជែង) ព្រមទាំងចូលរួមចំណែកគាំទ្រដល់ដំណើរការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជា នៅឆ្នាំ២០២៩ ខាងមុខ។
គូសបញ្ជាក់ផងដែរថា សិក្ខាសាលាផ្សព្វផ្សាយលើកទី២នេះ មានការផ្តល់បទបង្ហាញលើប្រធានបទសំខាន់ៗ ជុំវិញកិច្ចព្រមព្រៀង Cambodia-UAE CEPA រួមមាន៖ វិនិយោគ ពាណិជ្ជកម្មទំនិញ នីតិវិធីគយនិងកិច្ចសម្រួលពាណិជ្ជកម្ម ពាណិជ្ជកម្មឌីជីថល វិធានដើមកំណើតទំនិញ របាំងបច្ចេកទេសចំពោះពាណិជ្ជកម្ម វិធានអនាម័យនិងភូតគាមអនាម័យ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងបច្ចេកទេស។
ចំពោះពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួមក្នុងឆមាសទី១នៃឆ្នាំ២០២៥នេះ មានសរុបប្រមាណ ៤៧ លានដុល្លាអាមេរិក ដោយការនាំចេញមាន ៣៦ លានដុល្លារ និងនាំចូលមាន ១១ លានដុល្លារ។ ក្នុងនោះ កម្ពុជានាំចេញសម្លៀកបំពាក់ ស្បែកជើង កាបូប កៅស៊ូធម្មជាតិ និងទំនិញផ្សេងៗទៀត និងនាំចូលមកវិញនូវរ៉ែប្រើជាគ្រឿងចំហេះ ផលិតផលប្លាស្ទិក ថ្នាំជក់ កៅស៊ូសំយោគ និងទំនិញផ្សេងទៀត៕
No comments: