(សៀមរាប)៖ ការមានកូនជាអំណោយជីវិតដ៏ធំសម្រាប់គ្រួសារនីមួយៗ ប៉ុន្តែក៏ជាការបន្ថែមនូវអម្រែកនៃការទទួលខុសត្រូវនៅក្នុងគ្រួសារផងដែរ។ សម្រាប់អ្នកកូន១ កូនភ្លោះ២ លំបាកមួយកម្រិតទៅហើយ តែវារឹតតែលំបាកខ្លាំងថែមទៀត សម្រាប់អ្នកដែលទទួលបានកូនភ្លោះ៣។ ដោយឈ្វេងយល់ ក៏ដូចជាបានឃើញជាក់ស្តែងនូវការលំបាក និងបន្ទុកនៃការចំណាយក្នុងជីវភាពរបស់គ្រួសារទទួលបានកូនភ្លោះ៣សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានប្រកាសយកកូនភ្លោះ៣ ជាកូនៗរបស់សម្តេច ហើយតែងផ្តល់អំណោយនៅពេលសម្រាល។
ចាប់តាំងពីឆ្នាំ១៩៩៩មក រាល់គ្រួសារសម្រាលបានកូនភ្លោះ៣ គឺមិនដែលរំលងការផ្តល់អំណោយពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនោះឡើយ។ កាលពីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦កន្លងទៅនេះ លោក សេង ទៀង នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រី បានបន្តនាំយកអំណោយសប្បុរសរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងមានការចូលរួមពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែតផងដែរនោះ ទៅចែកជូនគ្រួសារសម្រាលបានកូនភ្លោះ៣ មួយគ្រួសារទៀត ស្ថិតនៅខេត្តសៀមរាប។
អំណោយដ៏សប្បុរសរបស់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិតជូនទៅគ្រួសារកូនភ្លោះ៣នេះ រួមមាន ថវិកា១០លានរៀល អង្ករ ៥០គីឡូក្រាម ទឹកដោះគោ២កេសធំ ស្កសរ៥គីឡូក្រាម សារុង២ និងក្រម៉ា២។
កូនភ្លោះ៣ ដែលសុទ្ធតែជាស្រីនេះ គឺជាកូនលើកទី៣ក្នុងគ្រួសារ មានឪពុកឈ្មោះ ចន វាសនា អាយុ ២៨ឆ្នាំ ម្តាយឈ្មោះ ញាត ផល្លា អាយុ ២៦ឆ្នាំ។ អ្នកទាំងពីរមានមុខរបរកសិករ រស់នៅភូមិអូរស្រឡៅ ឃុំផ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ទារិកាភ្លោះទាំងបីនាក់នេះ សម្រាលនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប តាមរយៈការវះកាត់ដោយសាស្ថានភាពសុខភាពរបស់មាតា។
ទារិកាភ្លោះទាំងបី និងមាតារបស់កូនភ្លោះទទួលបាននូវការថែទាំសុខភាពយ៉ាងយក ចិត្តទុកដាក់បំផុតពីក្រុមគ្រូពេទ្យ។ នៅចំពោះមុខគ្រួសារកូនភ្លោះបី និងក្រុមគ្រូពេទ្យ លោក សេង ទៀង បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខ ដោយសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ដែលតែងតែផ្ញើនូវការនឹករលឹកចំពោះប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែងទាំងអស់ ក្នុងប្រទេសកម្ពុជា។
លោក សេង ទៀត បានឱ្យដឹងដែរថា ចាប់តាំងពីឆ្នាំ១៩៩៩រហូតមកដល់បច្ចុប្បន្ននេះ ពោលគឺរយៈពេលជាង ២៧ឆ្នាំកន្លងមកនេះ មានគ្រួសារសម្រាលបានកូនភ្លោះ៣ ឬបួននាក់ ចំនួន៤៣២គ្រួសាររួចហើយ បានទទួលអំណោយឧបត្ថម្ភដ៏សប្បរសធម៌ ពីសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ក្នុងការជួយទំនុកបំរុងដល់ការលំបាកខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ពិសេសការចិញ្ចឹមបីបាច់ទារកភ្លោះបីនាក់ ត្រូវជាចៅៗរបស់សម្តេចនៅពេលឆ្លងទន្លេរួច។
លោក សេង ទៀង បន្តថា ជំនួយឧបត្ថម្ភទាំងអស់នេះ មិនមែនជាអំណោយរបស់រាជរដ្ឋាភិបាល អំណោយរបស់កាកបាទក្រហមកម្ពុជា ឬអំណោយរបស់គណបក្ស ដែលបម្រើ ឱ្យសកម្មភាពនយោបាយនោះទេ ផ្ទុយទៅវិញអំណោយទាំងអស់នេះ គឺជាអំណោយទានកើតចេញពីទឹកចិត្តជ្រះថ្លាប្រកបដោយការគិតគួរខ្ពស់ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ដែលបានឈ្វេងយល់ពីការលំបាកពិតប្រាកដ ចំពោះប្រជាពលរដ្ឋដែលមានប្រសូត្រទារកភ្លោះបី ឬបួននាក់ មិនថាមាន ឬក្រ ជាតិសាសន៍អ្វីទាំងអស់ ឱ្យតែសម្រាលនៅកម្ពុជា។
លោកនាយករងខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី បានបន្តថា ដោយក្តីអាណិតស្រ ឡាញ់ ពីសម្តេចធិបតី និងលោកជំទាវបណ្ឌិត សម្តេច និងលោកជំទាវបណ្ឌិត បានជួយឧបត្ថម្ភថវិកាចំនួន ៥លានរៀល ដើម្បីជួយសម្រាលដល់ការលំបាករបស់គ្រួសារដែលទទួលបានកូនភ្លោះបីនាក់ និងជាគ្រួសារលើកទី៨ ដែលទទួលបានថវិកាឧបត្ថម្ភពីសម្តេចធិបតី និងលោកជំទាវបណ្ឌិត។
លោក សេង ទៀង បានណែនាំដល់មាតាបិតា និងអាណាព្យាបាលកូនភ្លោះ បន្តយកចិត្តតាមដានពីសុខភាពរបស់កូនឱ្យបានគត់មុន ពោលប្រសិនបើកូនមានអាការៈអ្វីខុសពីប្រក្រតី សូមរាយការជូនក្រុមគ្រូពេទ្យប្រចាំការ និងប្រសិនបើក្រុមគ្រូពេទ្យអនុញ្ញាតឱ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញចាំនាំកូនត្រឡប់ទៅលំនៅដ្ឋាន សំដៅធ្វើយ៉ាងណាដើម្បីកាត់បន្ថយគ្រោះថ្នាក់ដល់អាយុជីវិតរបស់ទារក៕









No comments: