គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ស្ពានថ្មថ្មីឆ្លងកាត់ស្ទឹងស្ទោង ខេត្តកំពង់ធំ ត្រៀមដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត

(ខេត្តកំពង់ធំ)៖ ប្រជាពលរដ្ឋក្នុងឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ កំពុងបង្ហាញក្តីរីករាយយ៉ាងខ្លាំង បន្ទាប់ពីស្ពានថ្មថ្មីមួយខ្សែ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសាងសង់រួចរាល់ និងត្រៀមដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីសម្រួលដល់ការធ្វើដំណើរឆ្លងកាត់ស្ទឹងស្ទោង។

ស្ពានថ្មដ៏រឹងមាំនេះ ស្ថិតនៅភូមិអូរដូង ឃុំម្សាក្រង ដែលត្រូវបានសាងសង់ឡើងតាមរយៈការចង្អុលបង្ហាញយ៉ាងយកចិត្តទុកដាក់ពីសំណាក់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដោយមានការដឹកនាំអនុវត្តផ្ទាល់ពីឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ។ គម្រោងនេះក៏ទទួលបានកិច្ចសហការយ៉ាងជិតស្និទ្ធពីក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងរដ្ឋបាលខេត្តកំពង់ធំផងដែរ។

ការលេចចេញជារូបរាងនៃស្ពានថ្មថ្មីនេះ គឺជាការដោះស្រាយបញ្ហាដ៏ចាំបាច់ ដោយមកជំនួសស្ពានឈើចាស់ដែលទ្រុឌទ្រោម និងបង្កការលំបាកដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ជាពិសេសនៅរដូវវស្សា។

សម្រាប់លក្ខណៈបច្ចេកទេស ស្ពានថ្មនេះមានទទឹង ៨ម៉ែត្រ បណ្ដោយ ៦០ម៉ែត្រ និងមានជើងទេផ្លូវបេតុងសងខាងប្រវែង ១៥០ម៉ែត្រ។ ស្ពាននេះមិនត្រឹមតែធានាបាននូវសុវត្ថិភាពខ្ពស់ និងភាពងាយស្រួលក្នុងការធ្វើដំណើរប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកាតាលីករដ៏សំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការសម្រួលដល់ការដឹកជញ្ជូនកសិផល និងទំនិញនានាឱ្យកាន់តែរហ័សទាន់ចិត្តថែមទៀត៕អត្ថបទដោយ MET KIM AU

No comments:

Powered by Blogger.