កិច្ចព្រមព្រៀង GBC: កម្ពុជា-ថៃ យល់ព្រមមិនធ្វើការសាងសង់ ឬពង្រឹងហេដ្ឋារចនាសម្ព័ន្ធយោធា ហួសពីព្រំដែនរបស់ខ្លួន
(ម៉ាឡេស៊ី)៖ កម្ពុជា-ថៃ យល់ព្រមមិនធ្វើការសាងសង់ ឬពង្រឹងហេដ្ឋារចនាសម្ព័ន្ធយោធា ហួសពីព្រំដែនរបស់ខ្លួន។ នេះបើតាមខ្លឹមសារ នៃកិច្ចព្រមព្រៀង១៣ចំណុច ក្រោយកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (Extraordinary GBC Meeting) រវាងកម្ពុជា និងថៃ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។
កិច្ចប្រជុំនេះបានធ្វើឡើងរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ទីក្រុងគួឡារ ឡាំពួរ ប្រទេសម៉ាឡេស៊ី, ភាគីកម្ពុជា ដឹកនាំដោយ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ចំណែកភាគីថៃ ដឹកនាំលោក ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្រ្តីស្តីទីក្រសួងការពារជាតិថៃ។
តាមកិច្ចព្រមព្រៀង១៣ចំណុច បានឱ្យដឹងថា ភាគីទាំងពីរឯកភាពគ្នាមិនប្រព្រឹត្តសកម្មភាពបង្កហេតុណាមួយឡើយ ដែលអាចដុតបញ្ឆេះភាពតានតឹង។ នេះរួមបញ្ចូលទាំងការធ្វើសកម្មភាពយោធា ចូលក្នុងដែនអាកាសនិងទឹកដី ឬទីតាំងរបស់ភាគីម្ខាងទៀត គិតត្រឹមបទឈប់បាញ់ចាប់ពីម៉ោង២៤៖០០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ ភាគីទាំងពីរយល់ព្រមមិនធ្វើការសាងសង់ ឬពង្រឹងហេដ្ឋារចនាសម្ព័ន្ធយោធា ហួសពីព្រំដែនរបស់ខ្លួន។
ភាគីទាំងពីរឯកភាពគ្នាមិនប្រើប្រាស់កម្លាំងគ្រប់ទម្រង់ ប្រឆាំងជនស៉ីវិលនិងវត្ថុស៉ីវិល ទោះក្នុងកាលៈទេសៈណាក៏ដោយ។ សកម្មភាពបែបនោះ នឹងមិនត្រឹមបង្កគ្រោះថ្នាក់ ចំពោះសហគមន៍រស់នៅតាមតំបន់ព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែក៏បំពានច្បាប់អន្តរជាតិ ហើយធ្វើឱ្យអាប់ឱនមុខមាត់នៅលើឆាកអន្តរជាតិ សម្រាប់ភាគីដែលមិនគោរពការព្រមព្រៀងផងដែរ៕
No comments: