អ្នកនាំពាក្យក្រសួងការពារជាតិ៖ គិតត្រឹមព្រឹកថ្ងៃទី១៤ ខែសីហានេះ សភាពការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ មានភាពស្ងប់ស្ងាត់, កងកម្លាំងកម្ពុជាប្រុងប្រយ័ត្នខ្ពស់ ដើម្បីបំពេញតួនាទីតាមបទបញ្ជា
(ភ្នំពេញ)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ សភាពការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងទិសយោធភូមិភាគទី៤ និងទី៥ ភូមិសាស្ដ្រខេត្តព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យ មានភាពស្ងប់ស្ងាត់ល្អ មិនមានការផ្ទុះអាវុធណាមួយកើតឡើងរវាងកងកម្លាំងប្រទេសទាំងពីរនោះឡើយ។
តាមរយៈសន្និសីទសារព័ត៌មាន បង្ហាញបច្ចុប្បន្នភាពនៃការអនុវត្តបទឈប់បាញ់កម្ពុជា-ថៃ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានអះអាងថា បើទោះបីសភាពការណ៍ស្ងប់ស្ងាត់ក៏ពិតមែន ប៉ុន្ដែកងកម្លាំងកម្ពុជា មានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការបំពេញតួនាទីរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនបំផុតដើម្បីការពារ អធិបតេយ្យ និងបូរណភាពទឹកដីរបស់យើងឲ្យខាងតែបាន។
លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងយ៉ាងដូច្នេះថា «គិតចាប់តាំងពីម៉ោង១២រំលងអធ្រាត្រ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ រហូតដល់ម៉ោង៦ព្រឹកនេះ សភាពការណ៍នៅតាមបន្ទាត់ព្រំដែនក្នុងយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ ខេត្តព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យ មានសភាពស្ងប់ស្ងាត់។ កងកម្លាំងរបស់យើងស្ថិតនៅក្នុងការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនបំផុតដើម្បីការពារ អធិបតេយ្យ និងបូរណភាពទឹកដីរបស់យើងឲ្យខាងតែបាន»។
អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងទៀតថា កងកម្លាំងកម្ពុជា គោរពយ៉ាងម៉ឺងម៉ាត់ និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ដែលសម្រេចបានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងគោលការណ៍ឯកភាពទាំង១៣ចំណុច នៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា ថៃ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ដែលមានការចូលរួមសង្កេតការណ៍ដោយប្រទេសម៉ាឡេស៉ី សហរដ្ឋអាមេរិក និងសាធារណៈរដ្ឋប្រជាមានិតចិន៕
No comments: