សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជួបសវនាការ និងទទួលអំណោយ ជារថយន្ដរថយន្តភិកអាប់មួយគ្រឿង អង្ករ ១០០តោន និងមួកសុវត្ថិភាពចំនួន ១,០០០មួក ពីក្រុមហ៊ុន GANZBERG
(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាល និងទទួលអំណោយ ជារថយន្តភិកអាប់ឆ្នាំ២០២៦ មួយគ្រឿង អង្ករចំនួន ១០០តោន និងមួកសុវត្ថិភាពមួយចំនួន ១,០០០ ពីក្រុមហ៊ុន ហ្គេនប៊ឺក (GANZBERG) ពីក្រុមហ៊ុន GANZBERG ។នេះជាលើកទី១០ហើយ ដែលក្រុមហ៊ុនដ៏ធំមួយនេះ បានបន្ដឧបត្ថម្ភជូនកាកបាទក្រហមកម្ពុជា។
ពិធីប្រគល់ និងទទួលនេះ បានប្រព្រឹត្ដទៅនៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ដែលមានការអញ្ជើញដឹកនាំដោយ លោក ហ្រ្វាន់ ចូសេហ្វ៍ ប៊្រូន (Franz J. BRUNE) ប្រធានរោងចក្រ GANZBERG អាឡឺម៉ង់។
នាឱកាសនោះសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានរៀបរាប់ពីសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលបានអនុវត្ដន៍នៅក្នុងឆ្នាំ២០២៥កន្លងមក ជាពិសេសគឺសកម្មភាពដែលកាកបាទក្រហមកម្ពុជា ត្រូវផ្ដោតការយកចិត្ដទុកដាក់ទៅការងារសមរភូមិមុខ ដែលមានការជួយសង្គ្រោះដល់ប្រជាជនងាយរងគ្រោះ មានដូចជាប្រជាជនភៀសសឹក និងវីរយុទ្ធជនយើង ក្នុងអំឡុងជម្លោះប្រដាប់អាវុធឈ្លានពាន រួមទាំងសកម្មភាពការងារមួយចំនួនទៀត ដូចជាគ្រោះមហន្ដរាយធម្មជាតិជាដើម។
ជាមួយគ្នានេះសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានថ្លែងកោតសរសើរចំពោះក្រុមហ៊ុន GANZBERG ដែលកន្លងមកនេះបានជួយឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹងក្នុងសកម្មភាពមនុស្សធម៌ ជាពិសេសក្នុងអំឡុងប្រទេសកម្ពុជាទទួលបានការឈា្លនពានពីប្រទេសថៃ ដែលធ្វើឱ្យប្រជាជនកម្ពុជារាប់សែននាក់ត្រូវជម្លៀសចេញពីផ្ទះ ភៀសខ្លួនមកទីទួលមានសុវត្ថិភាព ហើយក្នុងនោះបានឃើញថាក្រុមហ៊ុន GANZBERG បានចូលរួម និងចុះទៅជួយខ្លួនឯងផ្ទាល់ផងដែរ ដែលមានការផ្ដល់ទាំងថវិកា សម្ភារៈ ក៏ដូចជាស្បៀងអាហារផងដែរ។ នេះគឺបង្ហាញពីទំហំទឹកចិត្ដដ៏ថ្លៃថ្លា មិនអាចកាត់ថ្លៃបានរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន GANZBERG និងក្រុមការងារដែលតែងតែស្រលាញ់ និងជួយប្រជាជនកម្ពុជា ទោះស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ។
ជាពិសេសនៅពេលនេះ ក្រុមហ៊ុន GANZBERG បានបន្ដឧបត្ថម្ភ នូវរថយន្ដរថយន្តភិកអាប់មួយគ្រឿង អង្ករ ១០០តោន និងមួកសុវត្ថិភាពចំនួន ១,០០០មួក ដែលបានឆ្លើយទៅនឹងតម្រូវជាក់ស្ដែងរបស់ប្រជាជនកម្ពុជា។ សម្រាប់អង្ករដែលក្រុមហ៊ុនផ្តល់ជូន ត្រូវបានកាកបាទក្រហមកម្ពុជា ធ្វើការបែងចែកទៅកាន់បណ្តាខេត្តគោលដៅដែលមានជនភៀសសឹក និងប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះ ដោយនៅសល់តែចំនួនមួយផ្នែកតូចសម្រាប់បន្តប្រើប្រាស់ក្នុងសកម្មភាពមនុស្សធម៌បន្តទៀត។
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងទៀតថា «ក្នុងនាមខ្ញុំតំណាងឲ្យកាកបាទក្រហមកម្ពុជា និងប្រជាពលរដ្ឋកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន GANZBERG ដែលតែងតែចូលរួមយ៉ាងសកម្ម ក្នុងការទ្រទ្រង់សកម្មភាពមនុស្សធម៌កន្លងមក ហើយចំពោះអំណោយក្នុងថ្ងៃនេះ យើងនឹងយកទៅប្រើប្រាស់ឲ្យអស់លទ្ធភាព ដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលគាត់កំពុងរងគ្រោះមហន្ដរាយនានា ជនពិការ ចាស់ជរា ស្ដ្រីមេម៉ាយ និងកុមារកំព្រា ដែលកំពុងជួបការលំបាកនោះ»។
ជាការឆ្លើយតប លោក ហ្រ្វាន់ ចូសេហ្វ៍ ប៊្រូន (Franz J. BRUNE) ប្រធានរោងចក្រ GANZBERG អាឡឺម៉ង់ បានសម្ដែងនូវការសប្បាយរីករាយយ៉ាងខ្លាំង ចំពោះការផ្ដល់ឱកាសឱ្យរូបលោក និងក្រុមការងារបានចូលជួបសម្ដែងការគួរសម និងរួមដំណើរជាមួយកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដោយឈ្លាវៃ និងរឹងមាំ ប្រកបដោយបុរេសកម្មរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងការជួយសង្គ្រោះប្រជាជនងាយរងគ្រោះ និងរងគ្រោះបំផុត ទាន់ពេលវេលា និងគ្រប់ទីកន្លែង ដោយមិនរំលងនោះឡើយ។
លោក ហ្រ្វាន់ ចូសេហ្វ៍ ប៊្រូន បានថ្លែងបន្ដថា «យើងខ្ញុំមានការពេញចិត្ដ និងមានជំនឿជាក់យ៉ាងខ្លាំង ចំពោះកាកបាទក្រហមកម្ពុជា ដែលជាស្ថាប័នមនុស្សធម៌ដ៏ធំនៅកម្ពុជា និងទី១ ដែលក្រុមហ៊ុនជឿជាក់ និងចូលរួមបរិច្ចាគធនធាន ដើម្បីជួយដល់ប្រជាពលរដ្ឋកម្ពុជាដែលជួបការលំបាកពិតប្រាកដ គ្រប់ទីកន្លែង និងគ្រប់ពេលវេលា។
សម្រាប់ការបរិច្ចាគនានាទាំងថវិកា សម្ភារៈ និងគ្រឿងឧបភោគបរិភោគ មិនថាក្នុងកាលៈទេសៈណានោះទេ គឺជាកាតព្វកិច្ច និងការទទួលខុសត្រូវរបស់ក្រុមហ៊ុនចំពោះសង្គមកម្ពុជា ព្រោះក្រុមហ៊ុនបានប្រកបអាជីវកម្ម និងរីកចម្រើននៅលើទឹកដីកម្ពុជា។នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក ហ្រ្វាន់ ចូសេហ្វ៍ ប៊្រូន។
សូមជម្រាបថា កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន គឺទទួលបានការគិតគូរគ្រប់ជ្រកល្ហក ជួយលើកកម្ពស់ជីវភាព សុខភាព និងសម្រាលការលំបាករបស់ប្រជាជនដោយមិនរំលងនោះឡើយ ទោះក្នុងកាលៈទេសៈ និងទីកន្លែងណាក៏ដោយ ដែលធ្វើឱ្យកូនចៅប្រុសស្រីទទួលបានភាពកក់ក្ដៅ និងផុតពីទុក្ខសោកនានា៕
















No comments: