ស្ត្រីរងគ្រោះ ភុន ស្រីនូ អំពាវនាវដល់ចៅក្រម ហុង សុគុណវឌ្ឍនា ឯកឧត្តមប្រធានសាលាដំបូងខេត្តតាកែវ និង រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មេត្តាជួយផ្តល់យុត្តិធម៌ ផ្តន្ទាទោសជនជាប់ចោទ ផែង ឡា និងប្រពន្ធ ទូ សុខនី តាមសច្ចៈភាព
តាកែវ៖ លោក ស្រី ភុន ស្រីនូ ជានិពន្ធនាយកគេហទំព័រ "ឈើកាច់បាភ្នំ" រស់នៅស្រុកទ្រាំង ខេត្តតាកែវ បានឱ្យអ្នកសារព័ត៌មានដឹងថា កាលពីខែមេសា ឆ្នាំ២០២៤ លោកស្រីបានប្តឹងឈ្មោះ ផែង ឡា និង ប្រពន្ធឈ្មោះ ទូ សុខនី មុខរបរ មេតុងទីន រស់នៅភូមិអំពិល ឃុំលាយបូរ ស្រុកត្រាំកក់ និង បក្ខពួកចំនួន០៣នាក់ទៀត ពីបទ៖ រំលោភលើលំនៅឋាន លួចថតរូប គំរាមកំហែង ប្រមាថ និងប្រើហិង្សាបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ព្រមទាំងបានប្តឹងចោទប្រកាន់ខ្លួនទៅតុលាការថែមទៀតផង។
លោកស្រីឱ្យដឹងបន្ថែមថា កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ ចៅក្រម ហុង សុគុណវឌ្ឍនា បានបើកសវនការដោយអវត្តមានភាគីជនជាប់ចោទឈ្មោះ ផែង ឡា និង ប្រពន្ធឈ្មោះ ទូ សុខនី ហើយចៅក្រមសម្រេចនឹងប្រកាសលទ្ធផលកាត់ក្តី នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ខាងមុខ។
ក្នុងនាមជាជនរងគ្រោះឈ្មោះ ភុន ស្រីនូ សូមអំពាវនាវដល់ចៅក្រម ហុង សុគុណវឌ្ឍនា ឯកឧត្តម ធាម ច័ន្ទពិសិដ្ឋ ប្រធានសាលាដំបូងខេត្តតាកែវ និង ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មេត្តាជួយកាត់ក្តីផ្តល់យុត្តិធម៌តាមសច្ចៈភាព នៅថ្ងៃទី១៩ខែមករាឆ្នាំ២០២៥ខាងមុខ ដោយក្តីអនុគ្រោះ។
លោកស្រី ភុន ស្រីនូ បានឱ្យដឹងពីអង្គហេតុថា កាលពីវេលាម៉ោង៦៖៣០នាទីល្ងាច ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឈ្មោះ ផែង ឡា និងប្រពន្ធឈ្មោះ ទូ សុខនី បានបើកបររថយន្តមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2BW-1079 មកចតជាប់របងផ្ទះនាងខ្ញុំ និងបាននាំគ្នាសរុបចំនួន៥នាក់ ដើរចូលក្នុងបរិវេណផ្ទះនាងខ្ញុំគ្មានការអនុញ្ញាត ស្ថិតក្នុងភូមិសំណខ្មៅ ឃុំធ្លក ស្រុកទ្រាំង មកដល់ភ្លាម ឈ្មោះ ផែង ឡា បានសួរនាំរឿងលុយលេងតុងទីន ក៏ប៉ះពាក្យសំដីគ្នា ពេលនោះឈ្មោះ ផែង ឡា បានគំរាមនិងចង្អុលមុខនាងខ្ញុំថា មិនអោយរួចខ្លួនទេ រួចហើយបានប្រើដៃវាយបំបែកតុហូបបាយដែលឪពុកនិង ម្តាយនាងខ្ញុំកំពុងអង្គុយជុំវិញតុនោះ ហើយប្រពន្ធឈ្មោះ ទូ សុខនី បានយកទូរសព្ធ័ដៃថតមុខនាងខ្ញុំ ចំណែកបក្ខពួកជាបុរសចំនួន០៣នាក់ទៀត ឈរឃ្លាំមើលសកម្មភាពហិង្សានោះ ក្រោយប្រើហិង្សារួច ពួកគេបាននាំគ្នាដើរចូលឡានចេញទៅ ជាមួយពាក្យគំរាមថា មិនអោយរួចខ្លួនទេ។
បន្ទាប់មក ឈ្មោះ ទូ សុខនី បានប្តឹងចោទប្រកាន់ខ្លួនចំនួន២បទល្មើស ប៉ុន្តែត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ សម្រេចតម្កល់រឿងទុកឥតចាត់ការ ដែលករណីទាំងអស់ខាងលើ ផ្តើមពីការលេងតុងទីនជាមួយគ្នា៕








No comments: