គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ល្បែងភ្នាល់ទឹកភ្លៀង តាមអនឡាញ «អេបខេរ៉េន App KRain» កំពុងពេញនិយមលេង ផ្ទុយពីច្បាប់ និងគោលនយោបាយភូមិឃុំសុវត្ថិភាព! សូមសមត្ថកិច្ចជំនាញបទល្មើសបច្ចេកវិទ្យាពិនិត្យមានវិធានការ


ភ្នំពេញ៖ ល្បែងភ្នាល់ទឹកភ្លៀងដែលគេពេញនិយមលេងក្នុងរដូវវស្សាខែ (ឧសភា-វិច្ឆិកា) តាមបែបបុរាណកាលកន្លងមក ឥឡូវបាន ប្រែក្លាយទៅជាល្បែងទំនើប អនឡាញ ONLINE ដែលអ្នកញៀនល្បែង អាចចាក់ភ្នាល់ ទិញ-លក់ ចាញ់ឈ្នះរាប់សិបដុល្លារក្នុងមួយថ្ងៃៗ បានគ្រប់ទីកន្លែងតាម «អេប ខេរ៉េន APP krain » ភ្លៀងខ្មែរ។

ប្រភពពីអ្នកលេងល្បែងនេះ បានឱ្យដឹងថា បើចង់លេងលុះត្រាតែបើកគណនី(Account) មួយក្នុង APP karin ដែលគេតម្រូវឱ្យដាក់លុយយ៉ាងតិច១០០ដុល្លា និង ត្រូវបញ្ចូលលុយចូលក្នុងគណនីនោះ ទៅតាមទំហំនៃការចង់ភ្នាល់ ហើយApp Krain នេះបង្ហាញហាងឆេងទឹកភ្លៀង តម្លៃឡើងចុះ កន្លែងទរទឹក ផ្តិល បញ្ជាក់ថាភ្លៀងពេញ ឬ មិនពេញ។ អ្នកដែលបង្កើត App នេះរួច អាចភ្នាល់ ទិញ-លក់ បានហើយ ដែលក្នុងមួយថ្ងៃៗ មានចរន្តទឹកប្រាក់រាប់ម៉ឺនសែនដុល្លាអាមេរិក កំពុងបង្វក់អ្នកញៀនល្បែងក្មេងចាស់ ផ្ទុយពីច្បាប់ និង គោលនយោបាយភូមិឃុំមានសុវត្ថិភាព។

គួរបញ្ជាក់ថា ល្បែងស៊ីសងខុសច្បាប់នេះ បណ្តាលឱ្យអ្នកញៀនល្បែង ហិនហោចទ្រព្យសម្បត្តិ កើតជាអំពើហិង្សាក្នុងគ្រួសារ និងជាប្រភពបង្កើតអ្នកញៀនថ្នាំ អំពើចោរកម្ម អសន្តិសុខសង្គមជាដើម។ល។

សូមបញ្ជាក់ថា កន្លងមក ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញសារាចរណែនាំស្តីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ និងថែមទាំងបានណែនាំឱ្យអាជ្ញាធរសមត្ថកិច្ចទាំងអស់សហការជាមួយស្ថាប័នធនាគារ ដើម្បីស្រាវជ្រាវរកឱ្យឃើញពីប្រភពនៃការបញ្ជូនប្រាក់ទៅមករវាងក្រុមអ្នកលេងល្បែង និងមេល្បែងស៊ីសង។

យោងតាមច្បាប់ ស្តីពី ការបង្ក្រាបល្បែងស៊ីសង បានចែងផ្តន្ទាទោស៖
អ្នកញៀនល្បែងស៊ីសង ផ្អែកតាម
មាត្រា៤ និង មេបនល្បែងស៊ីសង ផ្អែកតាមមាត្រា៥៖ ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី ៥លានរៀល ដល់ ២០លានរៀល និងដាក់គុកពី ១ឆ្នាំ ដល់ ៥ឆ្នាំ ចំពោះអ្នកបើកលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែងនិងភ្នាក់ងារស៊ីសង។ ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ និងដាក់គុកខាងលើនេះជាអតិបរមា។

ចំពោះល្បែងអនឡាញភ្នាល់ទឹកភ្លៀងនេះ ប្រជាពលរដ្ឋមានតែ សំណូមពរ សមត្ថកិច្ចជំនាញ នាយកដ្ឋានបទល្មើសល្បែងស៉ីសងតាមអានឡាញ និង នាយកដ្ឋានបទល្មើសបច្ចេកវិទ្យា នៃ ក្រសួងមហាផ្ទៃ ជាអ្នកមានសមត្ថកិច្ចពិនិត្យ  និងទប់ស្កាត់ ឱ្យស្របតាមច្បាប់ និង បទបញ្ជាថ្នាក់ដឹកនាំ និងដើម្បីក៉ំឱ្យល្បែងប្រភេទនេះ បង្វក់ស្មារតីប្រជាពលរដ្ឋខ្មែរបន្តទៀត។

អ្នកសារព័ត៌មានយើងរង់ចាំបកស្រាយបំភ្លឺជូនគ្រប់ភាគីតាមរបបសារព័ត៌មាន៕





No comments:

Powered by Blogger.