គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ព្រឹកថ្ងៃនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ៣ខ្សែ តម្លៃជិត ៤៤លានដុល្លារ ស្ថិតក្នុងភូមិសាស្ត្រខេតត្បូងឃ្មុំ និងក្រចេះ

(ក្រចេះ)៖ នៅព្រឹកថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ​២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រី ថាញ៉ា ម៉ៃយ័រ (TANIA MEYER) ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់​ជា​ផ្លូវការផ្លូវចំនួន៣ខ្សែប្រវែងសរុបជិត ១០០គីឡូម៉ែត្រ តម្លៃជិត ៤៤លានដុល្លារ ស្ថិតក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា

នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុតឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំលើកទី៦ របស់គណៈកម្មការ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ជាអនុប្រធាន និងជាសមាជិក សមាជិកានៃគណៈកម្មការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅព្រះរាជាណាចក្រកម្ពុជា។

អភិបាលខេត្តតាកែវ អំពាវនាវបញ្ឈប់ការនេសាទខុសច្បាប់ ដើម្បីអភិរក្សជីវចម្រុះក្នុងទឹក


**ខេត្តតាកែវ ៖** ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានធ្វើការអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋ និងប្រជានេសាទទាំងអស់ក្នុងមូលដ្ឋាន ឲ្យបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពនេសាទដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់ ដើម្បីចូលរួមអភិរក្ស និងលើកកម្ពស់ទិន្នផលត្រីធម្មជាតិឲ្យកាន់តែសម្បូរបែប។

ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សា ២ខ្នង ស្មើនឹង ១២បន្ទប់ និងសមិទ្ធផលនានា នៅស្រុកពារាំង ខេត្តព្រៃវែង


(ព្រៃវែង)៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សា ២ខ្នង ស្មើនឹង ១២បន្ទប់ និងសមិទ្ធផលនានា នៅអនុវិទ្យាល័យ និងសាលាបឋមសិក្សាព្រៃស្នៀត ស្ថិតនៅឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង។

ឯកឧត្តម ទិត សុធា ៖ ការតម្រង់ទិសសម្រាប់ត្រៀមខ្លួនបន្តសិក្សានៅសាកលវិទ្យាល័យ ជាការបង្ហាញផ្លូវដ៏ចាំបាច់ជួយដល់សិស្ស- និស្សិតមកពីតាមបណ្តាខេត្ត

ឯកឧត្តម ទិត សុធា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ រួមទាំងថ្នាក់ដឹកនាំក្រុមការងារ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ បានជួបសំណេះសំណាលជាមួយក្មួយៗសិស្សានុសិស្សថ្នាក់ទី១១, ទី១២ថ្មី និងសិស្សដែលទើបប្រឡងទុតិយភូមិថ្មីៗនេះ ប្រមាណ១៥០រូប នៅវិទ្យាល័យទួលក្បិល ស្ថិតក្នុងឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយមានការចូលរួមពីលោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងសាលា ព្រះសង្ឃ និងមន្ត្រីមូលដ្ឋានក្នុងឃុំផងដែរ ។

អភិបាលខេត្តបាត់ដំបង ប្រគល់បណ្ណកម្មសិទ្ធិដីធ្លីជាង ៣,៧០០ បណ្ណ ជូនប្រជាពលរដ្ឋនៅស្រុករតនមណ្ឌល

(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣,៧០៤ បណ្ណ ជូនប្រជាពលរដ្ឋ ១,៧៧៩ គ្រួសារ មកពី៦ភូមិ ក្នុងឃុំអណ្ដើកហែប និងឃុំត្រែង ស្រុករតនមណ្ឌល។ ពិធីនេះបានប្រព្រឹត្តទៅនៅសាលាស្រុករតនមណ្ឌល។

ក្រុម AOT ចុះពិនិត្យទីតាំងពលរដ្ឋស៊ីវិលខ្មែរ នៅភូមិក្បាលស្ពាន១ ដែលរងការខូចខាត និងបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដោយយោធាថៃទម្លាក់គ្រាប់បែកពីយន្តហោះ F-16

 

(បន្ទាយមានជ័យ)៖ អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន ប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចច្រកទា្វរព្រំដែនអន្តរជាតិប៉ោយប៉ែត ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយបទឈប់បាញ់ចូលជាធរមាន។

អភិបាលខេត្តតាកែវ ប្រគល់ផ្ទះអំណោយសម្ដេចតេជោ ជូនអតីតយុទ្ធជនម្នាក់ នៅស្រុកទ្រាំង

(តាកែវ)៖ ផ្ទះមួយខ្នងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ព្រមទាំងត្រូវបានកសាងឡើងដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ចុះប្រគល់ជូនដល់លោក ម៉ាន សុខ ដែលជាអតីតយុទ្ធជន រស់នៅភូមិអណ្តែងសាំងជ្វា ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦។

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យអនុវត្តប្រកាសថ្មី ចំនួន៣ ឱ្យបានម៉ឺងម៉ាត់ និងគ្មានការកែប្រែ រហូតដល់ឆ្នាំ២០៣០ ដើម្បីពង្រឹងអភិបាលកិច្ច និងអភិវឌ្ឍន៍ធនធានមនុស្ស

ប្រកាសចំនួន៣ ដាច់ដោយឡែកពីគ្នា ប៉ុន្តែដែលមានកម្មវត្ថុដូចគ្នា គឺដើម្បីពង្រឹងអភិបាលកិច្ច និងអភិវឌ្ឍន៍ធនធានមនុស្ស ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ។ ពិធីនេះមានការចូលរួម ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំមកពីតាមបណ្តាអគ្គនាយកដ្ឋាន ចំណុះក្រសួងមហាផ្ទៃ អង្គភាពពាក់ព័ន្ធ ស្នងការដ្ឋានតាមបណ្តារាជធានី-ខេត្តសរុបប្រមាណ ១.៨២៥រូប ដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ។

ប្រកាសទាំង៣នោះរួមមាន ១.ប្រកាសស្តីពីការកំណត់ចំនួនមុខតំណែងរងក្នុងរចនាសម្ព័ន្ធអង្គភាពនគរបាលជាតិ និងពន្ធនាគារក្រសួងមហាផ្ទៃ ២.ប្រកាសស្តីពីការកំណត់ចំនួនមុខតំណែងស្នងការរង នាយរងការិយាល័យ អធិការរង មេបញ្ជាការរង នាយរងផ្នែក និងនាយរងប៉ុស្តិ៍នគរបាល ចំណុះស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងទី៣.ប្រកាសស្តីពីការកំណត់លក្ខខណ្ឌ នីតិវិធីជ្រើសរើស និងការចាត់បញ្ជូនមន្ត្រីរាជការនៃក្រសួងមហាផ្ទៃ និងសិស្ស-និស្សិតនគរបាលបន្តវេន ឱ្យចូលសិក្សាវគ្គបណ្តុះបណ្តាលនានាក្នុង និងក្រៅប្រទេស។

ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់យ៉ាងច្បាស់ថា ការដាក់ចេញប្រកាសទាំង៣នេះ គឺជាជំហានយុទ្ធសាស្ត្រដ៏មានសារសំខាន់បំផុតរបស់ក្រសួងមហាផ្ទៃ ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ ពង្រឹងប្រសិទ្ធភាពការងារស្ថាប័ន ក៏ដូចជាការធ្វើកំណែទម្រង់រចនាសម្ព័ន្ធគ្រប់គ្រងធនធានមនុស្ស ឱ្យឆ្លើយតបយ៉ាងស៊ីជម្រៅទៅនឹងផែនការយុទ្ធសាស្រ្តស្តីពីការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្ស រយៈពេល៥ឆ្នាំ (២០២៦-២០៣០)។ កិច្ចការកំណែទម្រង់ធនធានមនុស្សនេះ ក៏បានស្តែងចេញយ៉ាងប្រាកដនិយម ស្របតាមទស្សនវិស័យដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់យក មនុស្ស ជាអាទិភាពទី១ ក្នុងចំណោមអាទិភាពគន្លឹះនានា នៃយុទ្ធសាស្ត្របញ្ចកោណ។

បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ការកសាង និងពង្រឹងសមត្ថភាពវិជ្ជាជីវៈ រួមទាំងការរៀបចំមន្ត្រីបន្តវេនឱ្យមានប្រព័ន្ធច្បាស់លាស់ គឺជាកត្តាគន្លឹះដ៏មានប្រជាប្រិយភាព និងជាគ្រឹះយ៉ាងរឹងមាំក្នុងការលើកកម្ពស់ប្រសិទ្ធភាពបំពេញភារកិច្ចស្នូល នៅតាមគ្រប់រចនាសម្ព័ន្ធអង្គភាពចំណុះក្រសួងមហាផ្ទៃ ហើយថា ការធ្វើបែបនេះ គឺដើម្បីធានាឱ្យបានដាច់ខាតនូវការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ប្រកបដោយចីរភាព និងនិរន្តរភាព។

ជាការកត់សម្គាល់ ប្រមុខក្រសួងមហាផ្ទៃ បានផ្តល់អនុសាសន៍ណែនាំយ៉ាងម៉ឺងម៉ាត់បំផុត ដល់គ្រប់អង្គភាពពាក់ព័ន្ធ និងមន្ត្រីទាំងអស់ ត្រូវរួមគ្នាអនុវត្តតាមស្មារតីនៃប្រកាសថ្មីទាំង៣នេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ រហូតដល់ឆ្នាំ២០៣០ ដោយមិនត្រូវមានការកែប្រែចំណុចណាមួយជាដាច់ខាត ពោលគឺរក្សាគោលការណ៍ដើម និងអនុវត្តឱ្យបានតឹងរ៉ឹង ដើម្បីឆ្លុះបញ្ចាំងពីតម្លៃ គុណភាព និងប្រសិទ្ធភាពពិតប្រាកដនៃការខិតខំប្រឹងប្រែងតាក់តែងលិខិតបទដ្ឋានគតិយុត្តិទាំងនេះ ឱ្យលេចចេញជាលទ្ធផលជាក់ស្តែងនៅលើទីលានការងារ។

សូមបញ្ជាក់ថា ប្រកាសទាំងនេះបានកំណត់នូវចំនួនមុខតំណែងយ៉ាងច្បាស់ ក្នុងរចនាសម្ព័ន្ធនីមួយៗ រួមមាន ប្រកាសទី១. ត្រូវបានកំណត់ចំនួនមុខតំណែងរង ក្នុងរចនាសម្ព័ន្ធអង្គភាពនគរបាលជាតិ ត្រូវមានអគ្គលេខាធិការរងចំនួនចន្លោះពី៤ទៅ ៦រូប អគ្គស្នងការរង ចំនួនពី១៤ទៅ ១៦រូប អគ្គនាយករងធនធានមនុស្ស ចំនួនពី៤ទៅ ៦រូប អគ្គនាយករងភស្តុភារនិងហិរញ្ញវត្ថុ ចំនួនពី ៧ទៅ ៩រូប អគ្គាធិការរង ចំនួនពី៥ ទៅ ៧រូប អគ្គនាយករងអន្តោប្រវេសន៍ ចំនួនពី៧ ទៅ ៩រូប អគ្គនាយករងអត្តសញ្ញាណកម្ម ចំនួនពី៧ ទៅ ៩រូប អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ចំនួនពី៨ ទៅ ១០រូប អគ្គនាយករងសវនកម្មផ្ទៃក្នុង ចំនួនពី៣ ទៅ ៥រូប អនុប្រធានក្រុមប្រឹក្សានីតិកម្ម ចំនួនពី៥ ទៅ ៧រូប អគ្គនាយករងបច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំ ចំនួនពី៦ ទៅ ៨រូប។

ចំពោះ មុខតំណែងអនុប្រធានសេនាធិការដ្ឋាន អនុប្រធាននាយកដ្ឋានកណ្តាល ត្រូវមាន ចំនួនពី៣ ទៅ ៥រូប អនុប្រធាននាយកដ្ឋាន ចំនួនពី ៤ ទៅ ៦រូប នាយរងការិយាល័យ ចំនួន ៤រូប នាយរងផ្នែក ចំនួន ២រូប។ ចំពោះចំនួនមុខតំណែងរង ក្នុងរចនាសម្ព័ន្ធអង្គភាពពន្ធនាគារ រួមមាន អគ្គនាយករង ចំនួនពី៥ ទៅ ៧រូប អនុប្រធាននាយកដ្ឋាន ចំនួនពី៤ ទៅ ៦រូប អនុប្រធានមណ្ឌលអប់រំកែប្រែ អនុប្រធានពន្ធនាគាររាជធានី ខេត្ត ចំនួនពី៤ ទៅ ៦រូប អនុប្រធានការិយាល័យ ចំនួន៤រូប អនុប្រធានផ្នែក ចំនួន ២រូប។

ប្រកាសទី២. ត្រូវបានកំណត់មុខតំណែង ស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត រួមមាន ស្នងការរងនគរបាលរាជធានីភ្នំពេញ ត្រូវមានចំនួនពី១៤ ទៅ១៦រូប ស្នងការរងនគរបាលខេត្តជាប់ព្រំដែន មានចំនួនពី១២ ទៅ ១៤រូប ស្នងការរងនគរបាលខេត្តមិនជាប់ព្រំដែន និងខេត្តព្រះវិហារ មានចំនួនពី១១ ទៅ ១៣រូប ស្នងការរងនគរបាលខេត្តកែប និងខេត្តប៉ៃលិន មានចំនួនពី៧ ទៅ ៩រូប។ ចំពោះស្នងការរងទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងការងារយេនឌ័រ ត្រូវមាន១រូប ជានារី។

ចំពោះមុខតំណែងនាយរងការិយាល័យ ត្រូវមានចំនួន ៤រូប អធិការរងនគរបាលខណ្ឌ មានចំនួន ៨រូប អធិការរងនគរបាលក្រុងសៀមរាប និងក្រុងព្រះសីហនុ មានចំនួន ៨រូប អធិការរងនគរបាលក្រុង ស្រុក មានចំនួន ៦រូប មេបញ្ជាការរងវរសេនាតូចនគរបាលការពារព្រំដែនគោក មានចំនួន ៤រូប។ចំពោះ នាយរងការិយាល័យ អធិការរងនគរបាល និងមេបញ្ជាការរង ត្រូវមាន១រូប ជានារី។ រីឯមុខតំណែងនាយរងផ្នែក ចំណុះការិយាល័យ ត្រូវមានចំនួន ២រូប នាយរងផ្នែកចំណុះអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ មានចំនួន ២រូប នាយរងផ្នែកចំណុះវរសេនាតូចនគរបាលការពារព្រំដែនគោក មានចំនួន២រូប នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ នៃអធិការដ្ឋាននគរបាលខណ្ឌ មានចំនួន ៤រូប នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ មានចំនួន ៣រូប និងនាយរងប៉ុស្តិ៍នគរបាលការពារព្រំដែនគោក មានចំនួន ២រូប។

ដោយឡែកចំពោះប្រកាសទី៣ ស្តីពីការកំណត់លក្ខខណ្ឌ នីតិវិធីជ្រើសរើស និងការចាត់បញ្ជូនមន្ត្រីរាជការនៃក្រសួងមហាផ្ទៃ និងសិស្ស-និស្សិតនគរបាលបន្តវេន ឱ្យចូលសិក្សាវគ្គបណ្តុះបណ្តាលនានាក្នុង និងក្រៅប្រទេស គឺសម្រេចពីការជ្រើសរើស និងការចាត់បញ្ជូនមន្ត្រីរាជការ និង សិស្ស និស្សិតនគរបាលបន្តវេន ឱ្យចូលសិក្សា វគ្គបណ្តុះបណ្តាលនានា មានគោលបំណង ផ្តល់ចំណេះដឹងនិងជំនាញវិជ្ជាជីវៈ បង្កើនគុណវុឌ្ឍិ សមត្ថភាព វិជ្ជាជីវៈ និងចំណេះដឹងថ្មីៗ ដកស្រង់បទពិសោធ លក្ខណៈជាតិ និងអន្តរជាតិ លើកកម្ពស់ប្រសិទ្ធភាពការងារដឹកនាំ គ្រប់គ្រង និងការអនុវត្តការងារតាមជំនាញនីមួយៗ លើកកម្ពស់ស្មារតី ឆន្ទៈមនសិការ ការទទួលខុសត្រូវ ការពង្រឹងវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈ ការចាត់បញ្ជូនទៅបណ្តុះបណ្តាលនានា ស្របតាមលក្ខខណ្ឌនិងតម្រូវការចាំបាច់។ ប្រកាសនេះមានវិសាលភាពអនុវត្តចំពោះ ក្របខណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ក្របខណ្ឌមន្ត្រី ពន្ធនាគារ ក្របខណ្ឌមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃ និង សិស្ស និស្សិតនគរបាលបន្តវេន៕

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ «ភាពលឿនមិនអាចបំផ្លាញភាពត្រឹមត្រូវបានឡើយ»

រាជធានីភ្នំពេញ ៖ ដើម្បីពង្រឹងគុណភាពព័ត៌មាន និងលើកកម្ពស់កិត្តិយសរបស់អ្នកសារព័ត៌មានក្នុងយុគសម័យឌីជីថល ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីក្នុងជំនួបតម្រង់ទិសការងារជាមួយអ្នកសារព័ត៌មាន និងអ្នកប្រតិបត្តិការវិស័យសោតទស្សន៍ជាង ១០០ នាក់ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នាទីស្តីការក្រសួងព័ត៌មាន។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់យ៉ាងច្បាស់ថា៖

«ភាពរហ័សរហួន មិនអាចយកមកធ្វើជាលេសនៃការផ្សព្វផ្សាយព័ត៌មានមិនពិត ឬខ្វះការផ្ទៀងផ្ទាត់បានឡើយ។ អត្ថបទព័ត៌មានដែលមានតម្លៃ គឺជានិមិត្តរូបនៃភាពស្មោះត្រង់ ភាពត្រឹមត្រូវ និងប្រភពច្បាស់លាស់។»

ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវឱ្យអ្នកសារព័ត៌មានជៀសវាងដាច់ខាតនូវការប្រើប្រាស់រូបភាព ឬខ្លឹមសារដែលបន្ទាបបន្ថោក ប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី។ ផ្ទុយទៅវិញ លោកបានបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយត្រូវតែជា «កញ្ចក់ឆ្លុះ» ដែលចូលរួមលើកតម្កើងតម្លៃ សីលធម៌ និងអត្តសញ្ញាណដ៏ផូរផង់របស់ស្ត្រី និងសង្គមជាតិ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ការទាក់ទាញការចាប់អារម្មណ៍ពីអ្នកអាន ឬអ្នកទស្សនា គឺជាគោលដៅមួយ ប៉ុន្តែ មិនមែនជាគោលដៅតែមួយគត់នោះទេ។ រាល់មាតិកាដែលផ្សព្វផ្សាយចេញទៅ ត្រូវតែគិតគូរជាអាទិភាពពីផលប៉ះពាល់ចំពោះបុគ្គល គ្រួសារ និងសង្គមទាំងមូល។

ឯកឧត្តម នេត្រ ភក្ត្រា បានសម្តែងនូវជំនឿចិត្តយ៉ាងមុតមាំថា ការជួបជុំ និងតម្រង់ទិសជាបន្តបន្ទាប់នេះ នឹងក្លាយជាកម្លាំងចលករជួយឱ្យអង្គភាពសារព័ត៌មានទាំងអស់ រួមគ្នាកសាងសង្គមព័ត៌មានមួយដែលមានគុណភាព ផ្អែកលើតុល្យភាព ការទទួលខុសត្រូវ និងការគោរពសិទ្ធិមនុស្ស។

លោកក៏បានបញ្ជាក់ថា អ្នកសារព័ត៌មានដែលមានអាជីពខ្ពស់ មិនមែនទាក់ទាញដោយសារភាពជ្រួលច្របល់នោះទេ ប៉ុន្តែទាក់ទាញដោយសារ «ជំនឿទុកចិត្ត» ពីសាធារណជន។

គួរបញ្ជាក់ថា ក្នុងជំនួបនេះក៏មានការចូលរួមពីសហការីសារព័ត៌មានសានព្រហ្ម ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងវិជ្ជាជីវៈសារព័ត៌មាន ដើម្បីលើកកម្ពស់សីលធម៌សង្គម និងការពារតម្លៃសិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ប្រជាជនកម្ពុជា៕


ព្រះមហាក្សត្រ នឹងយាងជាព្រះរាជាធិបតី សម្ពោធ «វិមានសាមគ្គីភាព» នៃព្រឹទ្ធសភា នៅថ្ងៃទី២១ ខែសីហា

(ភ្នំពេញ)៖ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នឹងស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសម្ពោធ «វិមានសាមគ្គីភាព» នៃព្រឹទ្ធសភា នាព្រឹកថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង៩:០០នាទី នៅវិមានព្រឹទ្ធសភា។

យោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ព្រះរាជពិធីសម្ពោធ «វិមានសាមគ្គីភាព» នឹងប្រព្រឹត្តទៅក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រកម្ពុជា។

«វិមានសាមគ្គីភាព» គឺជាអគាររដ្ឋបាលថ្មីរបស់ព្រឹទ្ធសភា ដែលបានបញ្ចប់ការសាងសង់នៅដើមឆ្នាំ២០២៦ និងត្រូវបានសាងសង់ឡើងដោយផ្អែកលើរចនាបទខ្មែរទាំងស្រុង។ អគារនេះស្ថិតក្រោមការដឹកនាំកសាងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។

មុនពេលប្រារព្ធព្រះរាជពិធីសម្ពោធជាផ្លូវការ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពលី និងសូត្រមន្តឡើងអគារ «វិមានសាមគ្គីភាព»។

ព្រះរាជពិធីសម្ពោធនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ ត្រូវបានចាត់ទុកជាព្រះរាជពិធីដ៏មានសារៈសំខាន់មួយ ដោយមានការរៀបចំយ៉ាងយកចិត្តទុកដាក់ ដើម្បីធានាឱ្យព្រះរាជពិធីប្រព្រឹត្តទៅដោយរលូន មហោឡារិក មានកិត្តិយស និងកិត្យានុភាពជាតិ៕

ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយអាចារ្យ អាចារិនី

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញ​សំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេសលើកទី១១ ចំនួនជាង១ពាន់នាក់។ ពិធី​សំណេះសំណាលនេះ ធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។

ក្រសួងអប់រំ ប្រកាសជ្រើសរើសនិស្សិតនារីក្រីក្រ អាហារូបករណ៍ និងបង់ថ្លៃ ឱ្យស្នាក់នៅបណ្តោះអាសន្ន នៅក្នុងមជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីជូនដំណឹង ស្ដីពីការជ្រើសរើសនិស្សិតនារីក្រីក្រ អាហារូបករណ៍ និងបង់ថ្លៃ ឱ្យស្នាក់នៅបណ្តោះអាសន្ននៅក្នុងមជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ៖

ក្រសួងទេសចរណ៍ និងសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា ឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការ លើកកម្ពស់ជំនាញ និងជំរុញសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ បានអនុញ្ញាតជូន លោកឧកញ៉ាសាស្ត្រាចារ្យសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែរីកចម្រើន។

អភិបាលខេត្តកំពង់ឆ្នាំង បន្តផ្តល់ជូនផ្លូវបេតុងជាច្រើនខ្សែ ដល់ពលរដ្ឋក្នុងស្រុកកំពង់លែង ដែលកំពុងត្រូវការជាចាំបាច់

រដ្ឋបាលខេត្តកំពង់ឆ្នាំងបច្ចុប្បន្នបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ ក្នុងការអភិវឌ្ឍន៍ទៅលើគ្រប់វិស័យ ពិសេសគឺហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធធារាសាស្រ្ត ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងភាពងាយស្រួលក្នុងការធ្វើដំណើរ ធានាបាននូវសុវត្ថិភាព និងធានាទៅលើផលដំ ណាំកសិកម្មរបស់ពលរដ្ឋក្នុងមូលដ្ឋានផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តី ប៉េង ពោធិ៍នា ចុះពិនិត្យវឌ្ឍនភាពស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ខេត្តកំពត

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃអាទិត្យទី១៦ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារលើស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ខេត្តកំពត ដោយមានការចូលរួមពីឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ថ្នាក់ដឹកនាំក្រសួង ប្រធានមន្ទីរខេត្តកំពត និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធផងដែរ។

អភិបាលខេត្តកំពង់ចាម នាំយកទៀនវស្សា និងទេយ្យទាន វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន ៦ វត្តនៅស្រុកបាធាយ

(កំពង់ចាម)៖ ក្នុងឱកាសបុណ្យចូលព្រះវស្សា នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម រួមជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារចុះជួយស្រុកបាធាយ អញ្ជើញនាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យ វេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ចំនួន ៦វត្ត ក្នុងស្រុកបាធាយ ដែលពិធីនេះរៀបចំធ្វើឡើងស្ថិតនៅវត្ត ឥន្ទកោសី (ហៅវត្តតាងុិល) ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម។

អាជ្ញាធរខេត្តតាកែវ ចាប់ផ្ដើមបើកការដ្ឋានសាងសង់វេទិកាអុំទូក នៅបឹងតាកែវ ក្នុងក្រុងដូនកែវ

 


តាកែវ៖ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ នៅថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពលីសែនព្រេនម្ចាស់ទឹកម្ចាស់ដី ដើម្បីបើកការដ្ឋានសាងសង់ជាផ្លូវការនូវវេទិកាអុំទូកនៅបឹងតាកែវ ដែលស្ថិតនៅក្នុងសង្កាត់រកាក្នុង ក្រុងដូនកែវ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យអនុរដ្ឋមន្ត្រីសង្គ្រាមអាមេរិក ជួបសម្តែងការគួរសម

 

នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាមរបស់អាមេរិក ទទួលបន្ទុកគោលនយោបាយ ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

សូមបញ្ជាក់ថា អនុរដ្ឋមន្ត្រីសង្គ្រាមរបស់អាមេរិក កំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការមួយចំនួន រួមទាំងវិស័យការពារជាតិរវាងប្រទេសទាំងពីរ៕

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន និងឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា អញ្ជើញជាសហអធិបតីដឹកនាំកិច្ចប្រជុំស្តីពីការទប់ស្កាត់លំហូរគ្រឿងញៀន

 នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញជាសហអធិបតីដឹកនាំកិច្ចប្រជុំស្តីពីការទប់ស្កាត់លំហូរគ្រឿងញៀន នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ៕
Powered by Blogger.