គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

អស្ចារ្យណាស់! កូនខ្មែរ បង្កើតរោងចក្រត្រីខដ៏ធំដំបូងគេនៅកម្ពុជា ម៉ាក«ក្រយា» ដោយយកត្រីនិងគ្រឿងទេសខ្មែរផលិតត្រីខកំប៉ុងស្តង់ដាអន្តរជាតិ ជាមួយទុនវិនិយោគជាង$៦លាន



ភ្នំពេញ៖ ក្រុមហ៊ុន សៃសាន់ អ៊ីនវេសម៉ិន ដែលជារបស់កូនខ្មែរ បានបង្កើតរោងចក្រត្រីខដំបូងគេនៅកម្ពុជា ក្រោមទុនវិនិយោគ ៦,៦លានដុល្លារ លើផ្ទៃដី ១៤ហិកតា នៅស្រុកដំណាក់ចង្អើរ ខេត្តកែប។ រោងចក្រនេះ នឹងប្រមូលទិញត្រីពីអ្នកនេសាទខ្មែរ និងគ្រឿងទេសក្នុងស្រុក ដើម្បីកែច្នៃចេញជាផលិតផលម៉ាក « ក្រយា » ដែលគ្រោងចេញលក់ផ្លូវការមុនដំណាច់ឆ្នាំ២០២៦ ដោយផ្តើមពីត្រីកាម៉ុងសមុទ្រ មុនពង្រីកទៅត្រីទឹកសាប ដូចជា ត្រីរៀល ។

លោក ងន ដេវីដសំបូរ នាយកគ្រប់គ្រងក្រុមហ៊ុន សៃសាន់ អ៊ីនវេសម៉ិន បានឱ្យដឹងថា៖ « កម្ពុជាមានធនធានច្រើន ហើយយើងមើលឃើញឱកាសក្នុងការយកអ្វីដែលយើងមានស្រាប់ មកកែច្នៃជាផលិតផលរបស់យើង ។ អ្វីដែលយើងចង់ធ្វើ គឺបង្កើតសមត្ថភាពផលិតនៅក្នុងប្រទេស បង្កើតការងារ និងបង្កើនតម្លៃឱ្យធនធានកម្ពុជា ។ ខ្ញុំជឿថា ខ្មែរយើងមានសមត្ថភាពធ្វើបាន ហើយអាចបង្កើតផលិតផលដែលមានគុណភាព និងស្តង់ដា » ។
ការបង្កើត « ក្រយា » កកើតឡើងក្នុងពេលដែលជម្លោះជាមួយប្រទេសជិតខាង បានធ្វើឱ្យការពង្រឹងសមត្ថភាពផលិតក្នុងស្រុក កាន់តែទទួលបានការចាប់អារម្មណ៍ ។

លោក ងន ដេវីដសំបូរ វិបត្តិនេះបានពង្រឹងជំនឿមួយដែលលោកមានស្រាប់ថា ធនធានរបស់កម្ពុជា គួរត្រូវបានកែច្នៃ និងបង្កើតតម្លៃនៅក្នុងស្រុកកាន់តែច្រើន ។
ចំណុចនេះត្រូវបានឆ្លុះបញ្ចាំងតាំងពីការជ្រើសរើសវត្ថុធាតុដើម ។

ក្រុមហ៊ុនបានធ្វើការជាមួយសហគមន៍នេសាទ ដោយប្រភពត្រីសម្រាប់ការផលិតនឹងមកពីខេត្ត កែប កំពត និងកោះកុង ។ គ្រឿងផ្សំមួយចំនួនក៏ត្រូវបានជ្រើសរើសពីផលិតផលក្នុងស្រុក រួមមាន ស្ករត្នោតកំពង់ស្ពឺ អំបិលកែប និងម្រេចកំពត ។

តាមរយៈខ្សែច្រវាក់នេះ រោងចក្រនឹងភ្ជាប់ការផលិតត្រីខទៅនឹងសហគមន៍នេសាទ អ្នកផ្គត់ផ្គង់វត្ថុធាតុដើម និងកម្លាំងពលកម្មក្នុងស្រុក។

លោក ងន ដេវីដសំបូរ ថ្លែងបន្ថែមថា៖ «យើងចង់បង្កើតឱកាសការងារដល់បងប្អូនខ្មែរ និងយកធនធានកម្ពុជាមកកែច្នៃជាផលិតផលដែលមានស្តង់ដា ។ យើងមានអ្វីជាច្រើននៅក្នុងដៃ ហើយបើយើងបន្ថែមភាពតស៊ូ ភាពច្នៃប្រឌិត និងការវិនិយោគត្រឹមត្រូវ ខ្មែរយើងអាចផលិតបាន ។ និយាយសាមញ្ញ គឺខ្មែរធ្វើបាន » ។

ចំពោះ សៃសាន់ អ៊ីនវេសម៉ិន រោងចក្រត្រីខនេះគឺជាជំហានដំបូងនៃការពង្រីកសមត្ថភាពកែច្នៃរបស់ក្រុមហ៊ុន ។ លោក ងន ដេវីដសំបូរ ក៏បានលើកឡើងពីលទ្ធភាពអភិវឌ្ឍផលិតផលផ្សេងទៀតនាពេលអនាគត ដូចជា ទឹកត្រី និងផលិតផលកែច្នៃផ្សេងៗ សម្រាប់ទីផ្សារក្នុងស្រុក និងអន្តរជាតិ ៕









No comments:

Powered by Blogger.