ឯកឧត្តម ទួន ស៊ីផាន់ អញ្ជើញជួបសំណេះសំណាល និងលើកទឹកចិត្តដល់សិស្សប្រឡងជាប់បាក់ឌុបជាង ១,០០០នាក់ ក្នុងស្រុកត្រាំកក់
ពិធីដ៏មានអត្ថន័យនេះ មានការនិមន្តចូលរួមយ៉ាងអធិកអធមពីសំណាក់ ព្រះមង្គលបញ្ញាបណ្ឌិត សៅ តារាវី ព្រះគ្រូអនុគណស្រុកត្រាំកក់ និងព្រះមន្ត្រីសង្ឃ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី ជាប្រធាន-អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំ ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ប្រធានការិយាល័យអប់រំ យុវជន និងកីឡា ព្រមទាំងលោក-លោកស្រីមេឃុំ និងស្មៀនឃុំទាំង១៥ ក្នុងស្រុកត្រាំកក់។
ក្នុងឱកាសនោះ ឯកឧត្តម ទួន ស៊ីផាន់ បានផ្តល់ការជំរុញ និងលើកទឹកចិត្តយ៉ាងកក់ក្តៅដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ឱ្យបន្តខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពបន្ថែមទៀតនៅលើវិថីឧត្តមសិក្សា និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីប្រែក្លាយខ្លួនជាធនធានមនុស្សដែលមានសក្ដានុពល និងជាសសរទ្រូងដ៏រឹងមាំ ក្នុងការចូលរួមកសាង និងអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើនទៅមុខ។
ជំនួបសំណេះសំណាលនាពេលនេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់ថ្នាក់ដឹកនាំ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការផ្តល់កម្លាំងចិត្ត និងលើកកម្ពស់វិស័យអប់រំ ដល់សិស្សានុសិស្សដែលបានខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលបានជោគជ័យ៕










No comments: