គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍

(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលស្រុកវាលវែង ចំនួន ២រូប ដើម្បីពង្រឹងប្រសិទ្ធភាពការងាររដ្ឋបាល និងជំរុញការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែរីកចម្រើន។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាលរងខេត្ត តំណាងសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត គណៈអភិបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងមន្ត្រីរាជការជុំវិញស្រុកវាលវែងយ៉ាងច្រើនកុះករ។

យោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃ លេខ ៦៦៧៤.ប្រក ចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ បានសម្រេច៖ *ផ្ទេរភារកិច្ច លោក ទៀង វឌ្ឍនៈ ឋានន្តរសក្តិនាយក្រមការ ថ្នាក់លេខ១ ពីអភិបាលរងនៃគណៈអភិបាលស្រុកភ្នំក្រវាញ មកកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលស្រុកវាលវែង។ *តែងតាំង លោក ប្រាក់ អំចំណាន ឋានន្តរសក្តិគ្រូបង្រៀនកម្រិតមូលដ្ឋានដើមខ្សែពិសេស ថ្នាក់លេខ៦ ឱ្យកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលស្រុកវាលវែង។

បន្ទាប់ពីលោក ពេជ្រ សុវណ្ណ នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស សាលាខេត្តពោធិ៍សាត់ បានអានប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលស្រុកវាលវែង នោះរួចមក, លោក ប្រាក់ អំចំណាន ដែលទើបទទួលបានការតែងតាំង បានប្តេជ្ញាស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល, អនុវត្តតាមច្បាប់ រដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុង ក្រោមការដឹកនាំរបស់លោកអភិបាលស្រុក ព្រមទាំងគោរពសហលក្ខន្តិកៈមន្ត្រីរាជការដោយមានមនសិការខ្ពស់, ពង្រឹងការគ្រប់គ្រងរដ្ឋបាលដែនដី ការអនុវត្តវិមជ្ឈការ និងសហការជាមួយកងកម្លាំងដើម្បីធានាសន្តិសុខ និងសុខមាលភាពប្រជាពលរដ្ឋ (ភូមិ ឃុំ មានសុវត្ថិភាព), ប្រកាន់ខ្ជាប់នូវសីលធម៌ យុត្តិធម៌ និងពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ និងខិតខំរៀនសូត្របន្ថែម ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។

ក្នុងឱកាសនោះ លោក ខូយ រីដា បានថ្លែងកោតសរសើរ និងផ្តល់អនុសាសន៍ណែនាំដល់មន្ត្រីដែលទើបទទួលបានការតែងតាំងថ្មី ឱ្យខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ គោរពច្បាប់ និងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ។

លោកអភិបាលខេត្ត បានគូសបញ្ជាក់ពីសក្តានុពលដ៏មហាសាលរបស់ស្រុកវាលវែងថា៖ «ស្រុកវាលវែង គឺជាស្រុកត្បូងពេជ្រ ដែលអាចចាត់ទុកថាជាបេះដូងនៃប្រទេសកម្ពុជាយើង ដែលមានគម្រោងអភិវឌ្ឍន៍ជាច្រើនត្រូវបានធ្វើរួចរាល់ និងកំពុងរង់ចាំធ្វើជាបន្តបន្ទាប់»។ លោកបានសម្តែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរ និងប្រជាពលរដ្ឋ ដែលធ្វើឱ្យស្រុកវាលវែងត្រូវបានទទួលស្គាល់ថាជាតំបន់ដែលមានបរិស្ថានស្អាត «គ្មានសំរាម»។

ដើម្បីធានាដល់និរន្តរភាពនៃការអភិវឌ្ឍ លោកអភិបាលខេត្តបានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធ ចូលរួមចលនាដាំដើមឈើជារៀងរាល់ថ្ងៃ រៀងរាល់ម៉ោង៦ព្រឹក ដើម្បីទាក់ទាញទឹកភ្លៀង បង្កើនសុវត្ថិភាពការពារជាតិ និងបង្កើតភាពទាក់ទាញដល់វិស័យទេសចរណ៍ធម្មជាតិ។

លោកបានស្នើដល់អាជ្ញាធរមូលដ្ឋាន ត្រូវទទួលខុសត្រូវខ្ពស់ និងផ្សព្វផ្សាយឱ្យបានផុលផុសដល់ប្រជាពលរដ្ឋ ឱ្យបញ្ឈប់រាល់សកម្មភាពនៃការកាប់បំផ្លាញ និងដឹកជញ្ជូនព្រៃឈើជាដាច់ខាត ព្រមទាំងការពារធនធានធម្មជាតិ ដែលជាកេរដំណែលដ៏មានតម្លៃ សម្រាប់មនុស្សជំនាន់ក្រោយ៕

No comments:

Powered by Blogger.