គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

រដ្ឋបាលខេត្តពោធិ៍សាត់ ប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ ដើម្បីការងារសមរម្យ»

(ពោធិ៍សាត់)៖ នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំឃ្លាំងមឿង នៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ ដើម្បីការងារសមរម្យ» ដោយមានការចូលរួមពីឯកឧត្តម រុន សារី អភិបាលរងនៃគណៈអភិបាលខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត និងតំណាងកម្មករនិយោជិតយ៉ាងច្រើនកុះករ។

តាមរបាយការណ៍របស់ លោក កុល ប៊ុនធឿន ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានឱ្យដឹងថា ក្នុងខេត្តពោធិ៍សាត់បច្ចុប្បន្នមានសហគ្រាស គ្រឹះស្ថានសរុបចំនួន ៤១២កន្លែង ដែលកំពុងផ្តល់ការងារដល់កម្មករនិយោជិតសរុប ១៥,៨១៥នាក់ (ស្រី ១០,០០៦នាក់)។ ក្នុងនោះវិស័យកាត់ដេរមានកម្លាំងពលកម្មច្រើនជាងគេដល់ទៅ ៧,៨២៧នាក់ និងវិស័យធនាគារ និងហិរញ្ញវត្ថុដែលមានបុគ្គលិក ១,៧៧៨នាក់ ព្រមទាំងវិស័យផ្សេងៗទៀតដូចជា សំណង់ សេវាកម្ម កម្មន្តសាល និងកសិកម្ម។

លោកប្រធានមន្ទីរក៏បានបញ្ជាក់ពីស្ថានភាពពលករវិលត្រឡប់ពីប្រទេសថៃ ចំនួន១០,១៥២នាក់ ដែលក្នុងនោះមានពលករ ៨,៨៣៣នាក់ ទទួលបានការងារធ្វើជាបន្តបន្ទាប់ និងនៅសល់ ១,៣១៩នាក់ទៀត កំពុងស្ថិតក្នុងដំណាក់កាលស្វែងរកការងារ និងបណ្តុះបណ្តាលបន្ថែម។

ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា បានអញ្ជើញអានសារលិខិតទាំងស្រុងរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្ញើជូនបងប្អូនកម្មករ និយោជិត ក្នុងឱកាសខួបលើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ។ សារលិខិតបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការការពារសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ការដំឡើងប្រាក់ឈ្នួលអប្បបរមា និងការពង្រីករបបសន្តិសុខសង្គម ដើម្បីធានាបាននូវ «ភាពធន់» និង «ការងារសមរម្យ» សម្រាប់ពលរដ្ឋគ្រប់រូប ទោះស្ថិតក្នុងកាលៈទេសៈសេដ្ឋកិច្ចសកលមានការប្រែប្រួលក៏ដោយ។

ថ្លែងបន្ថែមក្នុងពិធីនេះ ឯកឧត្តមអភិបាលខេត្ត បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលមន្ទីរការងារសម្រេចបាន និងបានរំលឹកពីប្រវត្តិដ៏មានអត្ថន័យនៃថ្ងៃទី១ ឧសភា ដែលកើតចេញពីការតស៊ូទាមទារលក្ខខណ្ឌការងារ «៨-៨-៨» (ធ្វើការ ៨ម៉ោង សម្រាក ៨ម៉ោង និងរៀនសូត្រ ៨ម៉ោង) នៅទីក្រុងឈីកាហ្គោ កាលពីឆ្នាំ១៨៨៦។

ឯកឧត្តមបានមានប្រសាសន៍សង្កត់ធ្ងន់ថា ការអបអរសាទរនៅថ្ងៃនេះ មិនមែនគ្រាន់តែជាការរំលឹកប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញពីសាមគ្គីភាពរវាងរដ្ឋ កម្មករ និងនិយោជក។

រដ្ឋបាលខេត្តពោធិ៍សាត់ នឹងបន្តជំរុញការវិនិយោគ បង្កើតការងារក្នុងស្រុកតាមរយៈតំបន់សេដ្ឋកិច្ចពិសេស និងពង្រឹងយន្តការដោះស្រាយវិវាទការងារ ដើម្បីធានាថាបងប្អូនកម្មករនិយោជិតទាំងអស់ ទទួលបាននូវអត្ថប្រយោជន៍ពេញលេញតាមច្បាប់ការងារ និងមានជីវភាពកាន់តែប្រសើរឡើង។

ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់ម្ចាស់សហគ្រាស គ្រឹះស្ថានទាំងអស់ ត្រូវបន្តសហការល្អជាមួយមន្ត្រីជំនាញ និងយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាព និងសុខភាពការងាររបស់កម្មករ ព្រោះកម្មករនិយោជិតគឺជាកម្លាំងចលករដ៏សំខាន់បំផុត ក្នុងការរុញច្រានសេដ្ឋកិច្ចខេត្តពោធិ៍សាត់ ឱ្យកាន់តែរីកចម្រើន៕

No comments:

Powered by Blogger.