សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
ភ្នំពេញ៖ ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និងលោកជំទាវ និង ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ និងលោកជំទាវ បានអញ្ជើញជាអធិបតី ពិធីអបអរសាទរខួបអនុស្សាវរីយលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ "សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ" នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ២០២៦ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទសាលាឧទ្ធរណ៍ និង មហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញជាច្រើនរូប។
ថ្លែងក្នុងពិធីនោះ ឯកឧត្តមគណៈអធិបតី បានមានប្រសាសន៍ថា ទិវាអន្តរជាតិនារី៨មីនា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីអបអរសាទរ និងរំឮកពីវីរភាពនៃការតស៊ូ របស់នារីទូទាំងសកលលោក ក្នុងការទាមទារឱ្យមានការលើកកម្ពស់សិទ្ធិ សេរីភាព ប្រជាធិបតេយ្យ និងការអនុវត្តសិទ្ធិស្មើភាពរវាងបុរស និងស្ត្រី នៅក្នុងសង្គម។
ហើយខួបអនុស្សាវរីយលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦នេះ ប្រារព្វក្រោមប្រធានបទ "សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ" ដែលមានគោលបំណងគូសបញ្ជាក់ពីតម្លៃដែលមិនអាចកាត់ថ្លៃបាននៃសន្តិភាព និងសន្តិសុខដែលជាមូលដ្ឋានគ្រឹះ និងជាបុរេលក្ខខណ្ឌដ៏ចាំបាច់មិនអាចខ្វះបាននៃការអភិវឌ្ឍប្រកបដោយចីរភាព ស្ថិរភាព វិបុលភាពសង្គម និងការគោរពសិទ្ធិមនុស្ស ក៏ដូចរំលេចពីការចូលរួមចំណែកយ៉ាងសកម្មរបស់ស្ត្រី ក្នុងកិច្ចខិតខំប្រឹងប្រែងកសាង និងថែរក្សាសន្តិភាពយូរអង្វែង។
ជាមួយគ្នានេះដែរ ឯកឧត្តមប្រធាន សេង ស៊ីវុត្ថា សូមសម្តែងនូវការកោតសរសើរ និងរំលេចពីតម្លៃក្នុងការចូលរួមរបស់ស្រ្តីមិនអាចកាត់ថ្លៃបាន ក្នុងការកសាង ការពារ និងថែរក្សាសន្តិភាព និងសន្តិសុខទាំងក្នុងតំបន់ និងសកលលោក។ លើសពីនេះទៀត ស្រ្តីបានចូលរួមយ៉ាងសកម្មក្នុងគ្រប់សកម្មភាព ដើម្បីពន្លឿននូវការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសក្នុងវិស័យយុត្តិធម៌។
ក្នុងឱកាសដែរនោះ ឯកឧត្តម សេង ស៊ីវុត្ថា និង ឯកឧត្តម អ៊ុក សាវុធ បានប្រគល់បាច់ផ្កាជូន លោកជំទាវជាឧត្តមភរិយា ព្រមទាំងជូននូវវត្ថុអនុស្សាវរីយដល់ស្រ្តីជាថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្រ្តីជាប់កិច្ចសន្យា បុគ្គលិកហាត់ការ ផងដែរ។

















No comments: